កូនជូនមកបើកថ្នាំ សម្រាប់តែឪលោតពីលើអគារ មន្ទីរពេទ្យជាន់ទី៤ សម្លាប់ខ្លួន

0
24
Loading...

ភ្នំពេញ ៖ បុរសវ័យចំណាស់ជាមន្ត្រីនគរបាលចូលនិវត្តន៍ម្នាក់ បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ និងតែងត្រូវបានប្រពន្ធកូនជូនមកបើកថ្នាំ នៅមន្ទីរពេទ្យរុស្ស៊ី យកទៅលេបជាប្រចាំ លុះគាប់ជួនកូនស្រីរវល់ បានត្រឹមជូនឪពុកមកដល់មន្ទីរពេទ្យ រួចក៏ប្រញាប់ចាកចេញទៅធ្វើការវិញ ទុកឱ្យឪពុកឡើងទៅបើកថ្នាំតែម្នាក់ឯង ស្រាប់តែបុរសរងគ្រោះបែរជាមានគំនិតខ្លី លោតទម្លាក់ខ្លួនពីលើអគារមន្ទីរពេទ្យជាន់ទី៤ ចុះដល់ដី បណ្តាលឱ្យស្លាប់យ៉ាងគួរឱ្យរន្ធត់បំផុត។

Loading...
Loading...

ហេតុការណ៍លោតសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចអគារជាន់ទី៤ នៃអគារផ្នែករោគស្ត្រីក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

បុរសគិតខ្លីដែលលោតសម្លាប់ខ្លួនពីលើអគារមន្ទីរពេទ្យជាន់ទី៤ មានឈ្មោះលាវ វណ្ណារិន អាយុ៥៨ឆ្នាំ មុខរបរជាអតីតមន្ត្រីនគរបាល សព្វថ្ងៃចូលនិវត្តន៍ទៅហើយ ស្នាក់នៅផ្ទះលេខ ២២០E3 ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

តាមប្រភពពីសន្តិសុខប្រចាំមន្ទីរពេទ្យរុស្ស៊ី បានបញ្ជាក់ប្រាប់ថា នៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលគាត់កំពុងដើរប្រចាំការនៅក្នុងមន្ទីរពេទ្យ ពេលដើរមកដល់ចំណុចអគារពិនិត្យជំងឺទូទៅ ពេលនោះ ក៏ឃើញជនរងគ្រោះខាងលើ កំពុងឈរនិយាយទូរស័ព្ទនៅអគារជាន់ទី៤ ស្រាប់តែបន្តិចក្រោយមក ជនរងគ្រោះក៏បានលោតទម្លាក់ខ្លួនពីលើអគារនោះមកជាន់ ក្រោមផ្ទាល់ឥដ្ឋ បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មក មានក្រុមគ្រូពេទ្យ និងសន្តិសុខ បានជួយសង្គ្រោះជនរងគ្រោះ ដោយលើកដាក់ហ្វ្រង់ការបញ្ជូនទៅសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតដែរ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ដោយឡែក បើតាមការបំភ្លឺរបស់ប្រពន្ធ និងកូនស្រីរបស់ជនរងគ្រោះ បានប្រាប់ថា ប្តីនិងឪពុករបស់ពួកគាត់ មានជំងឺសរសៃប្រសាទ រយៈពេលជាង១ឆ្នាំមកហើយ ដោយស្ថានភាពជំងឺរបស់ជនរងគ្រោះហាក់មានសភាពធ្ងន់ធ្ងរ និងពិបាកក្នុងការព្យាបាល ហើយក្រុមគ្រួសារធ្លាប់បានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ប៉ុន្តែមិនបានធូរស្រាលនោះទេ។

ប្រភពដដែលបន្តថា រាល់ដងនៅពេលមកបើកថ្នាំពីមន្ទីរពេទ្យ ពួកគាត់ជាប្រពន្ធកូនតែងជូនប្តី និងឪពុក មកពេទ្យជានិច្ច ដោយធ្លាប់មកបើកថ្នាំ៣ទៅ៤លើកហើយ។ ប៉ុន្តែលើកនេះ ជនរងគ្រោះមកបើកថ្នាំតែម្នាក់ឯងប៉ុណ្ណោះ ដោយនៅព្រឹកថ្ងៃកើតហេតុ កូនស្រីរបស់គាត់បានជូនជនរងគ្រោះ (ឪពុក)មកដល់ត្រឹមមុខមន្ទីរពេទ្យ ដើម្បីបើកថ្នាំ រួចក៏ចេញទៅវិញបាត់ទៅ ព្រោះប្រញាប់ទៅធ្វើការ។ ចំណែកជនរងគ្រោះជាប្តីរបស់គាត់បានដើរចូលទៅក្នុងមន្ទីរពេទ្យម្នាក់ឯង រហូតដល់ម៉ោងកើតហេតុ ក៏មានខាងមន្ទីរពេទ្យទូរស័ព្ទមកថា ជនរងគ្រោះបានលោតពីលើអគារជាន់ទី៤ ស្លាប់បាត់ហើយ ទើបកើតមានការផ្អើលឆោឡោឡើងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះនិងក្រុមគ្រូពេទ្យ បានមកធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ។

យ៉ាងណា ក្រុមគ្រួសារនៃសព មិនបានប្តឹងផ្តល់អ្វីទៅកាន់មន្ទីរពេទ្យនោះទេ ព្រោះក្រុមគ្រួសារដឹងច្បាស់ថា ការលោតសម្លាប់របស់ខ្លួន (ជនរងគ្រោះ) ដោយសារតូចចិត្តនឹងជំងឺប្រចាំកាយ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here