គួរឲ្យសរសើរ! ដើម្បីកូន ស្ត្រីមេមាយម្នាក់ សុខចិត្តតស៊ូរត់កង់បីដូចមនុស្សប្រុស

0
21
Loading...

ក្នុង​ចំណោម​អ្នករត់​កង់បី​ឥណ្ឌា ដែល​សុទ្ធសឹង​តែ​ជា​បុរស អ្នកស្រី ឆេង ដានី ជា​ស្ត្រី​ដ៏កម្រ​ម្នាក់​ដែល​កាន់ចង្កូត​ដឹក​អ្នកដំណើរ​លើ​យាន​ដ៏កំពុង​ពេញនិយម​មួយ​នេះ​ដោយ​ត្រូវ​ចេញ​ពី​ផ្ទះ​តាំងពី​ព្រឹក​ព្រលឹម​ដល់​យប់​អធ្រាត្រ​ជាមួយ​វត្តមាន​កូនប្រុស​បណ្ដូល​ចិត្ត​នាំ​មក​ជាប់​ខ្លួន​ជានិច្ច​។

Loading...
Loading...

ជីវិត​ជា​សិស្ស​វិទ្យាល័យ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ ២០១១ ពេល​អ្នកស្រី​បាន​រៀបការ​ជាមួយ​ស្វាមី​ជា​អ្នក​រស់នៅ​ខេត្ត​កំពត​ដូចគ្នា​តាម​ការផ្សំផ្គុំ​របស់​ឪពុកម្តាយ​។ ក្រោយពី​រៀបការ​បាន​រយៈពេល ២ ​សប្តាហ៍​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ​បាន​ផ្លាស់​មក​រស់នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដោយ​ចាប់ដៃ​គ្នា​ដំបូង គ្រួសារ​មួយ​បាន​ប្រើ​ដើមទុន​តិចតួច​ប្រកបរបរ​លក់សាំង​រហូត​មាន​លទ្ធភាព​ពង្រីក​មុខរបរ និង​មាន​ប្រាក់​ទិញ​ផ្ទះ​នៅ​ទី​នោះ​។

ពន្លក​សុភមង្គល​ពី​ជីវភាព​ប្រែ​ជា​ធូរធារ​មិន​បាន​ប៉ុន្មាន​ផង ក្រុមគ្រួសារ​អ្នកស្រី​ក៏​កើត​មាន​ទំនាស់​ថ្នាំងថ្នាក់​រហូត​សម្រេចចិត្ត​ដើរ​ផ្លូវបំបែក ដោយ​បន្សល់​នូវ​តំណក់ឈាម​កូនប្រុស​ ១ ​គ្រាប់​ជាប់​នឹង​ប្រាណ​។

អ្នកស្រី ដានី ក៏​បាន​វិល​ទៅ​ស្រុក​កំណើត​ដោយ​ផ្ញើ​កូនប្រុស​ឲ្យ​ម្ដាយ​មើលថែ ខណៈ​ខ្លួន​ចូល​បម្រើការ​ជា​កម្មករ​រោងចក្រ​នៅ​ឆ្នាំ​ ២០១៤ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក​អ្នកស្រី​បាន​ផ្លាស់​មក​ធ្វើការ​ជា​អ្នក​រត់តុ​តាម​ភោជនីយដ្ឋាន​នានា​។

ឆ្នាំ​ដដែល​អ្នកស្រី​ក៏​បាន​ដាក់​ពាក្យ​មក​ធ្វើការ​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​។ ក្រោយពី​ទទួល​បាន​ប្រាក់ខែ​សមរម្យ​អ្នកស្រី ដានី បាន​សម្រេច​ចិត្ត​នាំ​កូនប្រុស​មក​រស់នៅ និង​ចូលរៀន​នៅ​សាលា​ឯទីក្រុង​ភ្នំពេញ​។

អ្នកស្រី ដានី បាន​ងាក​មក​ចាប់​អាជីព​ជា​អ្នករត់​កង់បី​នៅ​ឆ្នាំ​ ២០១៨ ដោយសារ​ឮ​មិត្តភក្ដិ​និយាយ​ថា​មុខរបរ​នេះ​អាច​រកចំណូល​បាន​គ្រាន់បើ​។

នៅក្នុង​ចំណោម​អ្នករត់​កង់បី​ដែល​សុទ្ធសឹង​តែ​ជា​បុរស ពេល​ផ្តើម​អាជីព​វិល​កង់​លើក​ដំបូង អ្នកស្រី​មាន​អារម្មណ៍​ថា ក្រសែភ្នែក​មហាជន​ទាំងឡាយ​បាន​តម្រង់​មក​រក​អ្នកស្រី រហូត​ធ្វើឲ្យ​ខ្លួន​មាន​ភាព​អៀនខ្មាស​ណាស់​មិន​ហ៊ាន​ហៅ​ភ្ញៀវ​ជិះ​។

ទោះ​យ៉ាងណា​ក្ដី អ្នកស្រី​សម្គាល់​ឃើញ​ថា​៖ «​តាំងពី​បើកបរ​មក​អត់​ដែល​មាន​ភ្ញៀវ​ភ័យខ្លាច​ពី​សុវត្ថិភាព​ក្នុង​ការបើកបរ​របស់​ខ្ញុំ​ទេ​គឺ​មាន​តែ​គេ​សរសើរ​ថា ខ្ញុំ​ជា​មនុស្ស​ដែល​រឹងមាំ និង​ក្លាហាន​អាច​ធ្វើការ​ងារ​មនុស្ស​ប្រុស​បាន​»​។

ទន្ទឹម​នឹង​ការប្រកប​អាជីព​នេះ​ផង​ដែរ ស្ត្រី​មកពី​ខេត្ត​កំពត​រូបនេះ​តែងតែ​នាំ​កូនប្រុស មឿន វិសាល អាយុ ៦ ​ឆ្នាំ​ទៅ​តាម​ជាប់​ខ្លួន​ជានិច្ច​។

អ្នក​ម្ដាយ​រូប​នេះ​បាន​រៀបរាប់​ថា​៖ «​ថ្ងៃ​ចន្ទ​ដល់​សុក្រ​អ៊ីចឹង យក​អាអូន​ទៅ​រៀន​នៅ​សាលា​ពេញ​ ១ ​ថ្ងៃ​ដល់​ល្ងាច​បាន​ទៅ​យក​មក​រត់​កង់បី​តាម​ខ្ញុំ​។ បើ​សៅរ៍-អាទិត្យ​គឺ​នាំ​មក​តាម​ជាប់​ខ្លួន​រហូត​ដាក់​អាអូន​នៅ​ខាង​មុខ​ជាមួយ​ខ្ញុំ​។ ជួនកាល​គាត់​អង្គុយ​លេង​បាំង​ក្រោយ​។ ពេល​ខ្លះ​ខ្ញុំ​ក្រាល​កន្សែង​ពោះគោ​ដាក់​ខ្នើយ​ឲ្យ​គេង​នៅ​ហ្នឹង​។ បើ​អត់​ភ្ញៀវ​គាត់​អាន​សៀវភៅ​ធ្វើ​លំហាត់​អី​លើ​ហ្នឹង ហើយ​បើ​ភ្ញៀវ​និយាយ​លេង​ជាមួយ​គាត់ គាត់​ក៏​និយាយ​ជាមួយ​វិញ​»​៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here